រាជធានីភ្នំពេញ៖ ថ្លែងក្នុង សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ដឆ្នាំ២០២៣ នៅសាលប្រជុំនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT ជំរុញឲ្យមន្ត្រីក្រោមឱវាទទាំងអស់ពន្លឿនរៀបចំការងារសេសសល់ ដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យបានរួចរាល់ និងទាន់ពេល សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងនាមម្ចាស់ផ្ទះនាខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ប្រធានសហព័ន្ធរូបនេះមានប្រសាសន៍បែបនេះថា៖ នៅសល់ជាង ៧០ថ្ងៃទៀតប៉ុណ្ណោះ ស៊ីហ្គេមលើកទី៣២ នឹងមកដល់ ដូច្នេះត្រូវរៀបចំផែនការសកម្មភាពឆ្ពោះទៅស៊ីហ្គេមឲ្យបានច្បាស់លាល់ថា តើត្រូវធ្វើអ្វី? ខ្វះខាតអ្វី? ដើម្បីរាយការណ៍ជូណគណៈកម្មាធិការជាតិ CAMSOC ក្នុងន័យពន្លឿនការងារទាំងនោះឲ្យបានរួចរាល់ និងទាន់ពេលវេលា ។
ឯកឧត្តមរដ្ឋមន្ដ្រីក៍បានធ្វើការវាយតម្លៃខ្ពស់ កិច្ចខិតខំរបស់ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់សម្រាប់ឆ្នាំ២០២២ បន្ទាប់ពីធូរស្រាលនូវជំងឺកូវីដ-១៩។ យ៉ាងណាក្ដីភារកិច្ចដ៏សំខាន់ចំពោះមុខ គឺឯកឧត្តមបានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើការរៀបចំ និងត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មាធិការប្រតិបត្តិក៏ដូចជាកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ទាំងអស់នឹងសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ ទាំងការរៀបចំការប្រកួត និងការដណ្ដើមមេដាយជូនជាតិជាដើម៕