រាជធានីភ្នំពេញ៖ បន្ទាប់ពីធ្វើការជ្រើសរើសមន្ត្រីបច្ចេកទេសអាជ្ញាកណ្ដាលចៅក្រុមជាង ៧០នាក់ រួចមកសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលអន្តរជាតិកម្រិត១ ថែមមួយវគ្គទៀត ដែលបានអញ្ជើញអ្នកជំនាញពីសហព័ន្ធពិភពលោកមកធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបន្ថែមទៀត ដោយសង្ឃឹមថានឹងជ្រើសរើសមន្ត្រីបច្ចេកទេសគ្រប់ចំនួនដែលសហព័ន្ធចង់បានសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។វគ្គបណ្ដុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម អន្តរជាតិកម្រិត១នេះមានរយៈពេល៥ថ្ងៃ ពីថ្ងៃទី២០ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ មានអ្នក ចូលរួមចំនួន៥០នាក់ ស្រីចំនួន២៤នាក់។ អ្នកចូលរួមមកពីតាមបណ្តារាជធានីខេត្តចំនួន១៥ ក្នុងនោះមានគរុសិស្សដែលកំពុងតែសិក្សានៅវិទ្យាស្ថាន ជាតិអប់រំកាយ និងកីឡា លោកគ្រូអ្នកគ្រូអប់រំកាយនិងកីឡា និងមន្ត្រីកីឡាដែលបម្រើការងារក្នុងអង្គភាពចំណុះអគ្គ នាយកដ្ឋានកីឡាផងដែរ។
អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តលោកបូ ពុធរាត្រី បានមានប្រសាសន៍ថា៖ ជាគោលដៅរបស់សហព័ន្ធដែលរៀបចំវគ្គនេះឡើងដើម្បីប្រមូលធនធានមនុស្ស ជាពិសេសមន្ត្រីបច្ចេកទេសដែលមិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅឡើយ ដើម្បីជ្រើសរើស ចូលរួមរៀបចំនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ បើតាមតំរូវការចាំបាច់សហព័ន្ធមានគម្រោងចង់បានមន្ត្រីបច្ចេកទេសទាំងអស់១២០នាក់ដែលដើម្បីចូលរួមស៊ីហ្គេម ប៉ុន្តែជាក់ស្ដែងសហព័ន្ធបានសម្រិតសម្រាំងចេញពីវគ្គបណ្ដុះបណ្ដាលផ្សេងៗ ចំនួន៣វគ្គកន្លងមកបានជាង៧០នាក់ហើយ ចឹងសម្រាប់វគ្គសិក្សានេះ ក្រោយបញ្ចប់ទៅយើងសង្ឃឹមថានឹងជ្រើសរើសបានគ្រប់គ្រាន់។
លោកបន្តថា៖ វគ្គពិតជាមានសារៈសំខាន់ណាស់ ដែលសហព័ន្ធចាំបាច់ត្រូវតែរៀបចំបន្ថែម។ កន្លងមកសហព័ន្ធក៍ធ្លាប់រៀបចំវគ្គបណ្ដុះបណ្ដាលកន្លងមកដែរ ប៉ុន្តែចំនួននៃការចូលរួមមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះថាកីឡាអត្តពលកម្មមានប្រភេទវិញ្ញាសារច្រើនរហូតទៅដល់៤៧វិញ្ញាសារ។ ចឹងហើយវាជាតំរូវការមួយដែលយើងត្រូវការទាំងជាតិ និង អន្តរជាតិឱ្យចូលរួមទាំងអស់គ្នា។
ជាមួយគ្នានេះដែរសហព័ន្ធក៍មានក្ដីសោមរីករាយជាខ្លាំងដែលអាចអញ្ជើញលោក Cuddikota Valson ដែលជាគ្រូឧទ្ទេសជនជាតិ ឥណ្ឌា មកបាន ព្រោះថាគាត់មានសមត្ថភាពល្អមែនទែន ក្នុងការបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស និងអាជ្ញាកណ្ដាលចៅក្រមរបស់កម្ពុជាឱ្យជោគជ័យបាន។ ព្រោះថា គាត់ជាប្រធានបច្ចេកទេសនៅក្នុងតំបន់អាស៊ី និងជាមន្ត្រីបច្ចេកទេសនៃសមាជិកសហព័ន្ធអត្តពលកម្មពិភពលោកផងដែរ។ នេះជាការបញ្ជាក់របស់អគ្គលេខាធិការសហព័ន្ធ។
គួបញ្ជាក់ផងដែរថា៖ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះទៅ លោក Cuddikota Valson ក៍នឹងមកចូលរួមរៀបចំនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះផងដែរ ពីព្រោះគាត់គឺជាប្រធានប្រតិភូរៀបចំក្នុងការប្រកួតនេះតែម្ដង៕