រាជធានីភ្នំពេញ៖ បន្ទាប់ពីបានចុះបញ្ជីរការ និងទទួលលិខិតអនុញ្ញាតិឲ្យបើកដំណើរការក្នុងនាមជាមន្ទីរសម្រាកព្យបាលរោគកុមារស្ដង់ដារខ្ពស់ កាលពីឆ្នាំ២០១៨ និង បានចូលរួមចំណែកជំរុញដល់ប្រព័ន្ធសុខាភិបាលកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាយុទ្ធសាស្ដ្ររបស់ក្រសួងសុខាភិបាលនោះ មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរបានប្រកាសសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី១៧ ខែកុម្ភៈនេះ ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលមានទីតាំងនៅអាគារលេខ៤៩ ផ្លូវ ៣៦៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នាយកប្រតិបត្តិនៃមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរលោកវេជ្ជបណ្ឌិត វ៉ាន សុខជា បានថ្លែងថា៖ មន្ទីរពេទ្យនេះ បានបំពាក់នូវសម្ភារបរិក្ខាទំនើបៗ ដែលភាគច្រើននាំចូលមកពីប្រទេសជប៉ុន ដើម្បីធ្វើឲ្យការពិនិត្យ ធ្វើរោគវិន័ច្ឆ័យ និងព្យាបាល មានភាពជាក់លាក់ ច្បាប់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីផ្ដល់នូវសេវាថែទាំសុខភាពដល់កុមារទូទៅ ។ លោកថា «ខ្ញុំមានទស្សនៈវិស័យចង់ក្លាយជាមន្ទីរពេទ្យកុមារឯកទេសរោគកុមារមួយឈានមុខគេនៅកម្ពុជា ដែលទទួលបានការជឿទុកចិត្តពីប្រជាជនទូទៅលើសេវាកម្មព្យាបាលរោគកុមារ ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ ប្រសិទ្ធភាព និងប្រសិទ្ធផល» ។
មន្ទីរពេលនេះ បានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ស្ថានិក ៣រូប គឺមានលោក និងលោកវេជ្ជបណ្ឌិត អ៊ុន យូ ដែលសុទ្ធសឹងជាគ្រូពេទ្យឯកទេសរោគកុមារ ដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំ ទាំងក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន និងលោក Tommy Sim ដែលជាពាណិជ្ជករមានឯកទេសពិសេសលើការបង្កើត ដឹកនាំ គ្រប់គ្រងសហគ្រិន និងចាត់ចែងហិរញ្ញវត្ថុក្រុមហ៊ុនជាដើម ។លោករំឮកថា ម៉ាក់ស៊ីឃែរបានចុះបញ្ជីរការ និងទទួលលិខិតអនុញ្ញាតិឲ្យបើកដំណើរការក្នុងនាមជាមន្ទីរសម្រាកព្យបាលរោគកុមារ កាលពីឆ្នាំ២០១៨ ហើយ ២ឆ្នាំដំបូង គឺដំណើរការផ្ដល់សេវាកម្មនៅអាគារកម្ពស់ ៧ជាន់ប៉ុណ្ណោះ ។ តែដោយមានការគាំទ្រពីមាតាបិតាដ៏ច្រើនជាលំដាប់ រហូតខ្វះបន្ទប់ និងគ្រែសម្រាប់អ្នកជំងឺ ទើបគណៈគ្រប់គ្រងសម្រេចសាងសង់អាគារថ្មីកម្ពស់ ១០ជាន់ជាប់អាគារចាស់ លើផ្ទៃដី ១,៩៧៩ម៉ែត្រការ៉េ ក្រោមទុនវិនិយោគចំនួន ៥,៦៩លានដុល្លារ និងបានពង្រីកខ្លួនទៅជាមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ។
ជាមួយគ្នានេះដែរ រដ្ឋលេខាធិការក្រសួងក្រសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបង្ហាញសុទិដ្ឋិនិយមថា «វត្តមានរបស់មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ នឹងជួយសង្គ្រោះ ព្យាបាលថែទាំសុខភាពកុមារកម្ពុជាពោរពេញទៅដោយប្រសិទ្ធភាព ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងទទួលបានការជឿទុកចិត្តពីប្រជាជន ហើយក៏នឹងអាចជួយជំរុញឲ្យវិស័យសុខាភិបាលនៅកម្ពុជាកាន់តែរីកចម្រើនទៅមុខ ដើម្បីជាប្រយោជន៍រួមដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា» ៕