រាជធានីភ្នំពេញ៖ គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីម្សិលមិញនេះ ដើម្បីបញ្ជាក់ពីភារកិច្ច តួនាទី ការត្រៀមខ្លួន និងដោះស្រាយបញ្ហាប្រឈមសេសសល់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្រ្តៃយ៍ CAMSOC។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានរៀបរាប់ថា កិច្ចប្រជុំនេះផ្តោតសំខាន់លើការងារចាំបាច់ចំពោះមុខជាច្រើន។ ថាតើសហព័ន្ធកីឡាជាតិត្រូវធ្វើអ្វីខ្លះ ដឹកនាំអ្វីខ្លះ និងមានបញ្ហាអ្វីខ្លះដែលត្រូវដោះស្រាយទាំងអស់គ្នាឲ្យទាន់ពេលវេលា ពីព្រោះការរៀបចំភាគច្រើនពាក់ព័ន្ធគ្នារវាង សហព័ន្ធកីឡាជាតិ គណៈកម្មការជំនាញរបស់ CAMSOC និងសហព័ន្ធកីឡាអន្តរជាតិ។ ដូច្នេះភាគីទាំង៣ត្រូវទទួលខុសត្រូវរួមគ្នាដោយសហការរៀបចំការប្រកួតកីឡានីមួយៗឲ្យប្រព្រឹត្តទៅដោយរលួន និងស្របតាមស្តង់ដាអន្តរជាតិ។ សហព័ន្ធកីឡាជាតិត្រូវយល់ដឹងពីលក្ខន្តិកៈ តម្រូវការច្បាស់លាស់ តាមផ្នែកនីមួយៗ និងយល់ពីយន្តការរបស់ហ្គេម ខុសពីយន្តការប្រកួតជើងឯកតាមប្រភេទកីឡាមួយៗ មានលក្ខណៈបុព្វសិទ្ធិ និងឯករាជ្យរបស់សហព័ន្ធកីឡាជាតិ ប៉ុន្តែហ្គេម ត្រូវមានការទទួលខុសត្រូវលើបទបញ្ញត្តិហ្គេម ក្នុងការប្រកួតជាពហុកីឡា ដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព។
កម្លាំងសំខាន់មួយទៀត គឺការគាំទ្រដល់ដំណើរការប្រកួតដោយ មានអ្នកស្ម័គ្រចិត្ត អ្នកពិធីការក្នុងពិធីផ្សេងៗដូចជាពិធីរៀបចំការប្រកួត ពិធីបំពាក់មេដាយ ដែលត្រូវបែងចែកភារកិច្ច និងតួនាទីគ្នារវាងគណៈកម្មាធិការជាតិ CAMSOC ជាមួយសហព័ន្ធកីឡាជាតិ។ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឲ្យនាយកបច្ចេកទេសដែលបញ្ជូនមកពីសហព័ន្ធ និងត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC បានបញ្ចូលឈ្មោះជាមន្រ្តីរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ធ្វើការលើផ្នែកបច្ចេកទេស ដឹកនាំលើការប្រកួតតាមប្រភេទកីឡានីមួយៗ ត្រូវធ្វើការងារជាមួយសហព័ន្ធអន្តរជាតិ ដែលមានបច្ចេកទេសស្តង់ដាអន្តរជាតិ បទបញ្ជាការប្រកួតអន្តរជាតិត្រូវតែបន្ស៊ីគ្នា។
មជ្ឍមណ្ឌលប្រតិបត្តិការនៅពហកុកីឡដ្ឋានជាតិមរតកតេជោ គឺជាសេនាធិការតែមួយគត់ ក្នុងការបញ្ជាការងារទាំងអស់ នៅក្នុងហ្គេម ដូច្នេះហើយបានជាសហព័ន្ធកីឡាជាតិត្រូវមាននាយកបច្ចេកទេសមកប្រចាំការ និងមានការទទួលខុសត្រូវ ដោយគណៈកម្មាធិការជាតិ CAMSOC បានទម្លាក់ថវិកាត្រង់ទៅនាយកបច្ចេកទេស ដើម្បីប្រើប្រាស់ ក្នុងការបំពេញការងាររដ្ឋបាល បច្ចេកទេសតាមប្រភេទកីឡានីមួយៗ។ ការទម្លាក់ថវិកាជូននាយកបច្ចេកទេស គឺជាចំនុចល្អមួយដើម្បីពន្លឿនសកម្មភាពរបស់កីឡានីមួយៗ ឲ្យមានកម្លាំងចិត្ត មានសុទិដ្ឋិនិយមទាំងអស់គ្នាថា ការរៀបចំ នឹងដំណើរការល្អ និងទទួលបានជោគជ័យ។
ឯកឧត្តម វ៉ាត់ ចំរើន ជំរុញឲ្យសហព័ន្ធកីឡាជាតិត្រូវរៀបចំ និងអភិវឌ្ឍអត្តពលិក និងស្វះស្វែងរកកីឡាករ កីឡាការិនីនៅក្រៅប្រទេសដែលមានឈាមជ័រជាខ្មែរទាំងអស់ឲ្យចូលហ្វឹកហាត់ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅភូមិកីឡា ដើម្បីត្រៀមប្រកួត ខណៈកីឡាមួយចំនួននឹងមកដល់ចន្លោះថ្ងៃទី២៤-២៥ ខែមេសា។ ដូច្នេះការប្រជុំនេះ គឺត្រួតពិនិត្យដោះស្រាយបញ្ហាប្រឈមជាមួយគ្នាដោយមិនទុកបញ្ហាណាមួយឲ្យនៅសេសសល់ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន បានតាមដានគ្រប់មុខងារទាំងអស់។
ក្នុងនោះដែរក្រោយពីកិច្ចប្រជុំពិសេស និងកិច្ចប្រជុំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធាន CAMSOC គឺបានឲ្យគ្រប់ជំនាញនៃការផ្គត់ផ្គង់ទាំងអស់មានភាពជាក់លាក់ តាមដានត្រួតពិនិត្យជារៀងរាល់ថ្ងៃ។ ជាពិសេសសម្តេចពិជ័យសេនា បានដាក់អនុសាសន៍ថា អ្នកប្រចាំការការងារទាំងអស់ត្រូវចេញពីក្របខណ្ឌក្រសួងស្ថាប័នមកជួយបម្រើការងារគណៈកម្មាធិការជាតិឲ្យបានចប់សព្វគ្រប់សិន និងបំពេញការងារជាអចិន្រ្តៃយ៍ដើម្បីជម្រុញការងារឲ្យមានប្រសិទ្ធភាពខ្ពស់៕