រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានទទួលជំនួយពីអង្គការសាមគ្គីអូឡាំពិក បានរៀបចំគម្រោងសាមគ្គីអូឡាំពិក ស្តីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម លើកទី២ឆ្នាំ២០២៣ ដោយជឿជាក់ថា សហព័ន្ធកីឡាមួយនេះនឹង រៀបចំប្រព័ន្ធគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាអត្តពលកម្មឲ្យរីកចម្រើន ស្របតាមស្ដង់ដារត្រឹមត្រូវ។អ្នកជំនាញអន្ដរជាតិលោក Oliver Scheer បានធ្វើទស្សនៈកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមករា ក្នុងគោលបំណងដើម្បីរៀបចំសិក្ខាសាលាស្តីពីវាយតម្លៃរចនាសម្ព័ន្ធយុទ្ធសាស្ត្រគម្រោង និងរៀបចំប្រព័ន្ធនៃការបង្វឹកដោយសហការជាមួយសហព័ន្ធ បានថ្លែងក្នុងសន្និសិទការសែតកាលពីម្សិលមិញនេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការចូលរួមរបស់ថ្នាក់ដឹកនាំ ក៏ដូចជាភាគីពាក់ព័ន្ធរបស់សហព័ន្ធដែលជំរុញឲ្យគម្រោងសាមគ្គីអូឡាំពិក ស្តីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម ដែលផ្ដោតសំខាន់លើប្រភេទកីឡាអូឡាំពិកនេះ ដំណើរការដោយរលូន និងប្រកបដោយផ្លែផ្កា។ លោកសង្ឃឹមថា តាមរយៈគម្រោងនេះនឹងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាអត្តពលកកម្ពុជានាថ្ងៃអនាគត ពិសេសស្របតាមផែនការអភិវឌ្ឍន៍ឆ្នាំ២០៣០ របស់សហព័ន្ធតែម្ដង។
លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា បន្ទាប់ពីអនុវត្តគម្រោងនេះ សហព័ន្ធ នឹងទទួលបានចំណាត់ថ្នាក់ទី៥ ក្នុងចំណោមសហព័ន្ធកីឡាជាតិទាំងអស់ ក្នុងនាមសហព័ន្ធ ដែលមានការគ្រប់គ្រងអភិបាលកិច្ច និងការរៀបចំប្រព័ន្ធគ្រប់គ្រងសហព័ន្ធគ្រប់ជ្រុងជ្រោយ ហើយខ្ញុំក៏ជឿថា សហព័ន្ធ នឹងអាចឈានដល់កម្រិតពីចំណាត់ថ្នាក់ ចន្លោះលេខ៦ ទៅលេខ ៨ ក្នុងតំបន់អាស៊ាន ដើម្បីជាការអភិវឌ្ឍបន្ដទៀតផងដែរ»។ ការបង្ហាញសុទិដ្ឋិនិយមនេះ ដោយសារលោកមើលឃើញការខំប្រឹង និងទិសដៅដ៏ច្បាស់លាស់របស់សហព័ន្ធខ្មែរកីឡាអត្តពលកម្ម។
ជាមួយគ្នានេះដែរលោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៍បានថ្លែងដែរថា៖ គម្រោងនេះមានរយៈពេល ១ឆ្នាំ គិតចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ចុងខែកក្កដា ឆ្នាំ២០២៣។ គម្រោងនេះគឺមានសារៈសំខាន់ណាស់ មិនត្រឹមតែសហព័ន្ធខ្មែរកីឡាអត្តពលកម្មនោះទេ គឺផ្ដល់អត្ថប្រយោជន៍ជារួម ដែលសហព័ន្ធកីឡាជាតិដទៃក៏អាចយកទៅអនុវត្តបានដែរ ដើម្បីធានាបាននូវការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍន៍កីឡានីមួយៗឲ្យកាន់តែរីកចម្រើន ស្របតាមគោលការណ៍កីឡាអន្ដរជាតិ។ យ៉ាងណាមិញលោកថា ប្រសិនបើគម្រោងនេះទទួលបានជោគជ័យ NOCC គ្រោងនឹងស្នើសុំអង្គការសាមគ្គីអូឡាំពិក ដើម្បីរៀបចំដល់សហព័ន្ធកីឡាផ្សេងៗទៀតផងដែរ។