រាជធានីភ្នំពេញ៖ ថ្លែងក្នុងពិធីបើក ការប្រកួត កីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ និងខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ១៩៩២ – ២០២២” នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានអូឡាំពិក ឯកឧត្តមសុខ សូកាន ប្រធានសហព័ន្ធបានមានប្រសាសន៍រំលឹក រយៈកាល៣០ឆ្នាំកន្លងទៅនេះគឺពិតជាបច្ច័យដែលស្ដែងឱ្យឃើញពីសច្ចភាព នៃការគោរព និងតបស្នងរបស់ស្ថាបនិក ធ្វើឱ្យវិស័យកីឡាប៉េតង់កម្ពុជា ក្លាយជាមហាអំណាចលើពិភពលោក។ឯកឧត្តម បន្តថា ដោយសារបច្ច័យ និងគុណតម្លៃដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបាន នៃកត្តាសន្តិភាព ក្រោមអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានវឌ្ឍនភាព និងការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ព្រមជាមួយនឹងកាលានុវត្តភាព នៃការលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាគ្រប់ប្រភេទ។ ក្នុងនោះក៏មានកីឡាប៊ូល និងប៉េតង់ ត្រូវបានគេស្គាល់ និងឱ្យតម្លៃ ល្បីល្បាញទូទាំងតំបន់ និងសកលលោក។ ជាពិសេសត្រូវបានស្ថាប័នសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ (FIPJP) ប្រសិទ្ធនាមកម្ពុជាថាជា “ប្រទេសមហាអំណាចលើវិស័យកីឡាប៉េតង់”។
ឯកឧត្តម សុខ សូកាន បន្ថែមថា ពានរង្វាន់គរុគុណ រៀបចំឡើងដើម្បីរំលឹក និងតបស្នងនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់សម្ដេចទាំងទ្វេដែលជាស្ថាបនិករបស់សហព័ន្ធ ក៏ដូចជាឥស្សរជននិងអតីតថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សហព័ន្ធ ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងខិតខំប្រឹងប្រែងក្នុងការកសាង ឱ្យមានវឌ្ឍនភាព និងជោគជ័យរហូតដល់បច្ចុប្បន្ន។ ជាពិសេសគឺ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាអតីតប្រធានកិត្តិយសផង និងជាប្រធានសហព័ន្ធផង ព្រមទាំង សម្ដេចវិបុលបញ្ញា សុខ អាន ដែលជាអតីតប្រធានសហព័ន្ធ ក៏ដូចជាឥស្សរជនកំពូលៗជាច្រើនរូបទៀត។គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២២នេះ មេដាយសរុបដែលកម្ពុជាទទួលបាន គឺមានចំនួន ៣៩៤គ្រឿង ក្នុងនោះ មេដាយមាស១១៦គ្រឿង មេដាយប្រាក់១៣៨គ្រឿង, និងមេដាយសំរឹទ្ធ១៤០គ្រឿង។ បន្ថែមពីលើនេះ នៅឆ្នាំ២០១៧ សហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ (FIPJP) ក៏បានសម្រេចផ្តល់ពានរង្វាន់ “Le Prix Marchel Pagnol” ចំណាត់ថ្នាក់លេខ១ ដល់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលមានស្នាដៃនិងការដឹកនាំល្អជាងគេនៅទូទាំងពិភពលោក។
តាមរបាយការណ៍ ឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៉េតង់កម្ពុជា ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២នេះ មានប្រតិភូ និងកីឡាករ កីឡាការិនីចូលរួមសរុប ៤៥៩នាក់ មកពីសមាគម និងក្លឹប៦២ ស្មើនឹង១១រាជធានី-ខេត្ត ប្រកួតលើ៧វិញ្ញាសា សរុប៤៣៨ប្រកួត៕