រាជធានីភ្នំពេញ៖ ដោយក្តីអាណិតអាសូរ និងកោតសរសើរចំពោះគំរូវីរភាពយោធិន ២រូប ដែលបានពលីជីវិតដើម្បីជួយសង្គ្រោះក្មេង ប្រុស ២នាក់ ដែលបានលង់ទឹក រហូតបាត់បង់ជីវិតខ្លួនឯង រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរបង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា សូមគោរពវីរភាពលោកទាំង ២ ដែលបូជាជីវិតខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃ ! គួរថ្នាក់ខេត្ត ថ្នាក់ភូមិភាគ និង អង្គភាព រៀបជាពិធីបុណ្យ និង តម្កល់រូបលោកជាគំរូ ហើយ សូមជនរួមជាតិយើងជួយដល់គ្រួសារសព ។ ខ្លួនខ្ញុំផ្ទាល់ សូមជូនគ្រួសារសពនីមួយៗ ពីរលានរៀល !សូមរំលឹកថា កាលពីវេលាម៉ោង ១១.២០ នាទី ថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២២ នៅចំណុចអាងអូរអង្ក្រង មានករណីយោធិន ២រូប បានពលីជីវិត ក្រោយពីជួយសង្គ្រោះជីវិតក្មេងប្រុស ពីរនាក់រួចផុតពីគ្រោះថ្នាក់ តែជាអកុសល១ ត្រូវបានទឹកកួចលិច រហូតបាត់បង់ជីវិតយោធិន ចំនួន ២ រូប ១- ពលបាលឯក ឈន ស៊ីដេត មានអាយុ ៣៩ ឆ្នាំ ២- ពលទោ វ៉ាន ថុន មានអាយុ ២៣ ឆ្នាំ ហើយយោធិនទាំង២ បំពេញការងារក្នុងអង្គភាព វរ:សេនាតូច ៤៤២ របស់កងពលតូចថ្មើរជើងលេខ ៤២ ចំណុះយោធភូមិភាគទី៤។