រាជធានីភ្នំពេញ៖ កាលពីព្រឹកម្សិលមិញនេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានរៀបចំវេទិកាស្ដីពឱកាសនៃការវិនិយោគអចលនទ្រព្យ ដោយបានអញ្ជើញអ្នកជំនាញ ៤រូប មកពីសមាគមជាតិអ្នកវាយតម្លៃអចលនទ្រព្យអាមេរិក(NAR) ធ្វើជាវាគ្មិន ដោយមានសមាជិកជាច្រើនរយនាក់ចូលរួម ហើយក៏ជាការផ្ដល់ព័ត៌មានដល់សមាជិក CVEA អំពីការរៀបចំខ្លួនចូលរួមសិក្ខាសាលា NAR នាខែវិច្ឆិកាខាងមុខផងដែរ ។ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខនីម បានចាត់ទុកអ្នកវិនិយោគក្នុងស្រុក គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីបង្ហាញតថភាពជាក់ស្ដែង ក៏ដូចជាការអភិវឌ្ឍ និងភាពរីកចម្រើនជាក់ស្ដែងរបស់កម្ពុជា ដល់វិនិយោគិនបរទេស ហើយកៀរគរពួកគេ មកធ្វើការវិនិយោគនៅកម្ពុជា តាមរយៈការធ្វើដំណើរ និងចូលរួមកម្មវិធីផ្សេងៗច្រើននៅក្រៅប្រទេស ។
លោកបានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា នៅពេលប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកវិនិយោគ ធ្វើដំណើរក្រៅប្រទេសច្រើន នឹងបង្កើតឲ្យមានឱកាសផ្សព្វផ្សាយពីប្រទេសរបស់ខ្លួនច្រើន តាមរយៈការស្គាល់គ្នាជាមិត្តភ័ក្ដ្រ ឬជាដៃគូវិនិយោគ ជាក់ស្ដែងនៅសមាគម NAR ដែលមានសមាជិកជាង ៧០ប្រទេសលើពិភពលោក បើសិនអ្នកវិនិយោគកម្ពុជា បានចូលរួម នឹងបង្កើតនូវទំនាក់ទំនងច្រើន ក៏ដូចជាការផ្ដល់នូវប្រឹក្សាយោបល់ផ្សេងៗ ដោយការផ្ដល់នូវសារពិតពីការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ។លោក ច្រឹក សុខនីម បន្ដថា «ពីមុនកម្ពុជា តាមយន្ដការសារព័ត៌មានមួយចំនួន យើងទទួលបាននូវភាពមិនសូវច្បាស់លាស់ទៅលើទីផ្សារពិភពលោក ។ អ៊ីចឹងហើយនៅពេល វិនិយោគិនរបស់យើង ទៅកាន់ពិភពលោក យើងបាននាំយកពីតថភាព និងភាពរីកចម្រើនជាក់ស្ដែងរបស់កម្ពុជា ទោះបីការរីកចម្រើនក្នុងកម្រិតណាមួយក្ដី តែយើងរីកចម្រើនទៅដោយការគិតគូរ និងយូរអង្វែរ ពីព្រោះយន្ដការក្នុងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលមួយជំហ៊ានៗ ខ្ញុំមើលឃើញថា មានភាពច្បាស់លាស់ រឹងមាំ ហើយអាចទទួលយកបាន ទោះបីជាយើងទទួលរងនូវផលប៉ះពាល់ខ្លះ នៃការអភិវឌ្ឍ តែភាពធំទូលំទូលាយនោះ គឺយើងទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ផងដែរ» ។
បន្ថែមលើការជំរុញការផ្សព្វផ្សាយពីសក្ដានុពលជាតិ ពិសេសលើវិស័យអចលនទ្រព្យ ប្រធានសមាមគខាងលើ ក៏បានលើកទឹកចិត្តឲ្យមានការវិនិយោគក្រៅប្រទេសផងដែរ ដ្បិតតាមតួរលេខចុងក្រោយ លោកសង្កេតឃើញមានវិនិយោគិនកម្ពុជា បានធ្វើការវិនិយោគលើវិស័យអចលនទ្រព្យច្រើននៅក្រៅប្រទេសច្រើន ភាគច្រើននៅថៃ និងជប៉ុន ។ ប៉ុន្ដែក្នុងទំនាក់ទំនង រវាង CVEA និង NAR ពេលនេះ លោករំពឹងថា នឹងក្លាយជាការបើកច្រកផ្លូវមួយ សម្រាប់ផ្ដល់អត្ថប្រយោជន៍សម្រាប់វិនិយោគិនកម្ពុជា ដែលមានបំណងធ្វើការវិនិយោគនៅអាមេរិក តាមគម្រោង និងទម្រង់ផ្សេងៗ ៕