រាជធានីភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរ៉ឺម៉កសណ្តោងមួយបានកើតឡើងនៅចំណុចភ្លើងស្តុបផ្សារដើមគរ បណ្តាលអោយរម៉កសណ្តោងក្រឡាប់ផ្ងារជើង តែមិនបណ្តាលអោយមានមនុស្សរងរបួសទេ គ្រាន់តែខូចខាតរថយន្ត និងរ៉ឺម៉កម៉ូតូតែប៉ុណ្ណោះ ។ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ខែសីហាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េតកែងនឹងផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រោះម៉ាកតូយូតាព្រូស ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2BC-2998 បើកបរដោយបរុសម្នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានបើកបត់ឆ្វេងបម្រុងឆ្លងភ្លើងស្តុបក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កដែលធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េតក្នុងទិសដៅពីលិចទៅកើតបត់ឆ្វេងបម្រុងចូលផ្សារដើមគរ ពេញទំហឹងបណ្តាលឱ្យរ៉ឺម៉កក្រឡាប់ផ្ងារជើង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ប៉ុន្តែភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តខុសដោយបើកឆ្លងបំពានភ្លើងស្តុបក៏សុំសងជាសំណង២០ម៉ឺនរៀល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តងទៅ៕