រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូតែម្នាក់ឯងជ្រុលទៅបុកបង្កាន់ដៃស្ពានថ្មស្ទឹងមានជ័យ បណ្តាលអោយដួលសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី ១៦ខែសីហាឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីព្រះមន្នីរ៉េត (ចំណុចស្ពានស្ទឹងមានជ័យ) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាឃ្លីច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HS-2818 តែម្នាក់ឯង ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបុកគល់ស្ពានថ្មស្ទឹងមានជ័យបែងចែកផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលរងរបួសធ្ងន់សន្លប់បាត់ស្មារតី រីឯម៉ូតូក៏រងការខូចខាតជាខ្លាំងផងដែរ ។
ក្រោយកើតហេតុ បងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយនាពេលក្រោយ ៕