រាជធានីភ្នំពេញ៖ក្នុងឱកាសនៃពិធីបិទ ការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ក្រោមអធិបតីភាព លោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) គណៈប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា អមដំណើរដោយឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានអញ្ជើញទៅទទួលទង់អាស៊ានប៉ារ៉ាហ្គេម ពីម្ចាស់ផ្ទះឥណ្ឌូនេស៊ី។ តាមរយៈពិធី គឺបានប្រកាសជាឱឡារឹកថា កម្ពុជាជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីពេលនេះតទៅ។
គណៈប្រតិភូកម្ពុជានឹងធ្វើមាតុភូមិនិវត្តមកដល់ព្រះរាជាណាចក្រកម្ពុជាវិញនារសៀលថ្ងៃទី៧ ខែសីហា ជាមួយនឹងការដង្ហែទង់ពីប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រគល់ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំព្រឹត្តការណ៍កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម Camsoc នៅអាកាសយានដ្ឋានភ្នំពេញ។ បន្ទាប់ពីពិធីប្រគល់ ក៏នឹងមានការដង្ហែទង់អាស៊ានប៉ារ៉ាហ្គេម និងម្ចាស់មេដាយនៅតាមដងវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញផងដែរ។