រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចុះរៀបចំកម្មវិធីបញ្ជ្រាបការអប់រំគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយដំណើរការឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យបាក់ទូក នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC គូសបញ្ជាក់ថា នេះជាកម្មវិធីប្រចាំឆ្នាំ ដើម្បីបញ្រ្ជាបចំណេះដឹងដល់សិស្សានុសិស្សឲ្យបានស្វែងយល់ពីគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយឲ្យមានការចូលរួមគាំទ្រដល់ដំណើរការស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ក្នុងយុទ្ធនាការផ្សព្វផ្សាយគោលដៅស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជានេះ មានដូចជាយុទ្ធនាការកម្ពុជាស្អាត ប្រជាជនម្នាក់លេងកីឡា១មុខ កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍-គ្រឿងញៀនជាដើម។
ដោយសារតែកម្ពុជាទទួលរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់នេះជាលើកដំបូង ដូច្នេះ NOCC តែងតែជំរុញការផ្សព្វផ្សាយនូវយុទ្ធនាការសំខាន់ៗទាំងនេះជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ជូនដល់សិស្សានុសិស្ស ព្រមទាំងលើកទឹកចិត្តពួកគាត់ផ្សព្វផ្សាយបន្តទៅកាន់ញាតិមិត្ត និងក្រុមគ្រួសាររបស់ពួកគាត់ ដោយយើងនៅសល់ត្រឹម ៣០២ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃពិធីបើកស៊ីហ្គេម ជាផ្លូវការ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ជាការកត់សម្គាល់ ទីប្រឹក្សា និងជាគ្រូឧទ្ទេសរូបនេះសង្កេតឃើញថា សិស្សានុសិស្សដែលចូលរួមបានស្វែងយល់ពីគុណតម្លៃអូឡាំពិក ការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក និងប្រវត្តិកីឡាអូឡាំពិកសម័យបុរាណ និងសម័យទំនើប។ ជាមួយគ្នានេះ សិស្សានុសិស្សក៏បានយល់ដឹងយ៉ាងច្រើនពីដំណើរឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខណៈក្រុមការងារ NOCC ប្តេជ្ញាបន្តការផ្សព្វផ្សាយនូវយុទ្ធនាការឲ្យកាន់តែទូលំទូលាយជូនដល់យុវជន ប្រជាជនទូទាំងប្រទេសរហូតដល់កៀកនឹងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះតែម្តង៕