រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ៣០ ខែមិថុនា ម្សិលមិញនេះសហព័ន្ធកីឡាចំបាប់កម្ពុជាបានរៀបចំមហាសន្និបាត បញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មីទី៧ ឆ្នាំ២០២១-២០២៥ ដោយសហព័ន្ធទាំងមូលបានផ្ដល់សេចក្តីទុកចិត្តគាំទ្រជាឯកច្ឆន្ទនូវសមាសភាពគណៈកម្មការប្រតិបត្តិអាណត្តិថ្មី ចំនួន៩រូប រួមមាន៖ ឯកឧត្តម វ៉ាត់ ចំរើន ប្រធាន លោក ខេស៊ី បាណេត អនុប្រធានទី១ លោក ហុក ឈាងគីម អនុប្រធានទី២ កញ្ញា កាង ណុចបវរ អគ្គលេខាធិការ លោក នរះ យុទ្ធ និងសមាជិក៣រូប គឺលោក កាង ដែនពិសិដ្ឋ លោក នុត សេរីរដ្ឋា និងលោក យឹង សុផាណារ៉ា។ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានផ្តល់តម្លៃដ៏មហាសាលនៃសុខដុមនីយកម្ម ដែលជាគន្លឹះក្នុងការរួបរួមគ្នាដើរលើមាគ៌ាអភិវឌ្ឍឆ្ពោះទៅសម្រេចជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តមមានប្រសាសន៍ ៖«ពេលនេះយើងមានគណៈកម្មការប្រតិបត្តិថ្មីហើយៗយើងមានភារកិច្ចជាច្រើន ដែលត្រូវធ្វើបន្ត។ ការងារជាច្រើននេះ យើងត្រូវការឆន្ទៈ និងសេចក្តីក្លាហាន ដើម្បីធ្វើវាឲ្យសម្រេចនូវបេសកកម្មរបស់យើង»។
តាមគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាបានដាក់សន្ទស្សន៍ មេដាយមាសឲ្យប្រភេទកីឡាចំបាប់កម្ពុជាដណ្តើមឲ្យបានយ៉ាងតិចចំនួន២គ្រឿង។ «ប៉ុន្តែមហិច្ឆតារបស់យើង គឺរួមគ្នាធ្វើយ៉ាងណាដណ្តើមមេដាយមាសឲ្យបានច្រើនជាងមុន ក្នុងប្រវត្តិស៊ីហ្គេម ដែលចំបាប់កម្ពុជាធ្លាប់ដណ្តើមបានមេដាយមាស៤គ្រឿង កាលពីស៊ីហ្គេម នៅប្រទេសមីយ៉ាន់ម៉ា។ មានន័យថា ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺប្រភេទកីឡាចំបាប់មានមហិច្ឆតាចង់បានមេដាយមាសច្រើនជាង៤»។ជាមួយនឹងឆន្ទៈនេះ ប្រធានសហព័ន្ធកីឡាចំបាប់រូបនេះអះអាងថា សហព័ន្ធមានផែនការអភិវឌ្ឍជំនាញច្បាស់លាស់ ដូច្នេះហើយ សុខដុមនីយកម្មគឺជារឿងសំខាន់បំផុត ដើម្បីបើកផ្លូវនៃដំណើរការអភិវឌ្ឍជាជំហានៗ ដោយគ្មានឧបសគ្គ។ ឯកឧត្តម វ៉ាត់ ចំរើន បានរំលេចនូវបុគ្គលសំខាន់ៗក្នុងដំណើការអភិវឌ្ឍនេះ ដោយមានគ្រូបង្គោលជម្រើសជាតិចំបាប់កម្ពុជាជាជនជាតិអ៊ីរ៉ង់ លោក Komeil Ghasemi ដែលមកជួយបង្ហាត់ ក្រុមកីឡាករ កីឡាការិនីកម្ពុជា ក្នុងឆ្នាំ២០២២ ដែលគ្រូបង្វឹករូបនេះជាអតីតម្ចាស់មេដាយមាសអូឡាំពិកហ្គេម។ អ្វីដែលពិសេស គឺសហព័ន្ធចំបាប់កម្ពុជាទទួលបានការ ឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ និងថវិកា ខ្ទង់ម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ ពីលោក ខេស៊ី បាណេត អនុប្រធានទី១សហព័ន្ធកីឡាចំបាប់កម្ពុជា ព្រមទាំងជាមួយនឹងកិច្ចការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាចំបាប់ពិភពលោក និងអាស៊ីជាដើម។
ប្រធានសហព័ន្ធចំបាប់ គូសបញ្ជាក់ទៀតថា ក្នុងផែនការឆ្ពោះទៅស៊ីហ្គេម ២០២៣ មិនមែនត្រឹមតែសម្រួចតែទៅលើបច្ចេកទេសដណ្តើមមេដាយតែមួយមុខទេ គឺសហព័ន្ធក៏ត្រូវអភិវឌ្ឍលើផ្នែកការរៀបចំធ្វើជាម្ចាស់ផ្ទះផងដែរ។ ដូច្នេះការទទួលរៀបចំ ស៊ីហ្គេម ២០២៣ សហព័ន្ធចំបាប់កម្ពុជាមានអាជ្ញាកណ្តាលកម្រិតអន្តរជាតិតែ២នាក់ប៉ុណ្ណោះ។ «ការធ្វើម្ចាស់ផ្ទះ យ៉ាងហោចណាស់ត្រូវមានអាជ្ញាកណ្តាលអន្តរជាតិរបស់ខ្លួនពី៥ទៅ៦នាក់ដែរ។ តាមរយៈផែនការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នាខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ សហព័ន្ធដាក់ដាក់គោលដៅអភិវឌ្ឍធនធានអាជ្ញាកណ្តាលអន្តរជាតិឲ្យបានច្រើនបន្ថែមទៀត»។