រាជធានីភ្នំពេញ៖ កីឡាករ កីឡាការិនីជាង១០០នាក់បានជួបជុំគ្នានៅក្រុងកែប កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះបានទទួលការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាពលរដ្ឋនៅខេត្តកែប ជាច្រើន ដោយក្នុងកម្មវិធីនេះ គឺផ្ដោតសំខាន់ទៅលើការបំផុសឱ្យយុវជនចូលរួមចលនាកីឡាជិះកង់ឲ្យកាន់តែផុសផុលបន្ថែមទៀត រួមជាមួយនឹងគោលដៅចម្បងនៃការផ្សព្វផ្សាយក្នុងដំណើររបស់កម្ពុជាឆ្ពៅះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបានបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់នេះត្រូវបានរៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាទោចក្រយាន ក្រោមគម្រោងជំនួយឧបត្ថម្ភគាំទ្ររបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ដើម្បីបញ្ជ្រាបនូវយុទ្ធនាការផ្សព្វផ្សាយ «ប្រជាជនម្នាក់ កង់មួយគ្រឿង ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។
កីឡាករ កីឡាការិនីដែលចូលរួមក្នុងកម្មវិធី ប្រជាជនម្នាក់កង់ ១គ្រឿង ឆ្ពោះទៅស៊ីហ្គេម ២០២៣ សុទ្ធតែបានបង្ហាញពីក្តីរីករាយ ក្នុងកម្មវិធីជិះកង់នេះ ហើយពួកគាត់បានប្តេជ្ញាចិត្តថា នឹងប្រឹងប្រែង ក្នុងការបញ្ជ្រាបការផ្សព្វផ្សាយពីយុទ្ធនាការ «ប្រជាជនម្នាក់ កង់មួយគ្រឿង ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»ឲ្យកាន់តែផុសផុលបន្ថែមទៀត។
លោកបន្ថែមថា យុទ្ធនាការនេះ សហព័ន្ធនឹងបន្តរៀបចំព្រឹត្តិការណ៍មួយទៀត នៅខេត្តសៀមរាប នាពេលខាងមុខ នៅពេលការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ រួមទាំងខេត្តគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយចំនួនទៀត៕